ភាពភ័យខ្លាចចម្លែកៗទាំង១០ មិនគួរឲ្យជឿថាមានពិត

Loading...

មនុស្សមួយចំនួនមានភាពភ័យចំពោះវត្ថុ ឬរឿងរ៉ាវមួយចំនួនដោយគ្មានហេតុផលអាចពន្យល់ថា ហេតុអ្វីបានជាពួកគេខ្លាចបែបនោះ។ ជម្ងឺភ័យខ្លាចឥតហេតុផល (Phobia) បែបនេះ គឺមានជាច្រើនប្រភេទ ហើយប្រភេទនីមួយៗគឺមានលក្ខណៈស្ទើរមិនគួរឲ្យជឿថាមនុស្សអាចនឹងខ្លាចវត្ថុ ឬរឿងបែបនោះ។ ជាក់ស្តែងដូចជាការខ្លាចចម្លែកៗទាំង១០ខាងក្រោមនេះ ដែលមិនគួរឲ្យជឿទេថាមានពិតមែននោះ។

1. ការខ្លាចសម្លេងតុក្កតា Puppet (Automatonophobia)


ក្នុងការសម្តែងនេះ តុក្កតា Puppet រាំនិងបញ្ចេញសម្លេងដោយមិនមានធ្វើចលនាមាត់នោះទេ ដែលធ្វើឲ្យមនុស្សមួយចំនួនខ្លាចនឹងសម្លេងនោះយ៉ាងខ្លាំងរហូតទ្រាំមិនបាន។ នេះប្រហែលមកពីគេគិតថាសម្លេងនោះមកពីពិភពណាមួយផ្សេងហើយ បានជាខ្លាចបែបនោះ។

2. ការខ្លាចនឹងការអង្គុយ (Cathisophobia)

នេះមិនត្រឹមតែជាជម្ងឺខ្លាចការអង្គុយប៉ុណ្ណោះទេ ថែមទាំងខ្លាចអ្នកដែលអង្គុយក្បែរផងដែរ។ អ្នកដែលមានអាការៈរោគបែបនេះធ្ងន់ធ្ងរ គិតថាការអង្គុយលើកៅអី ប្រៀបដូចជាអង្គុយលើវត្ថុមុតស្រួចដែរ។ នៅពេលដែលគេអង្គុយនោះ គេនឹងចាប់ផ្តើមបែកញើសខ្លាំង ហើយបេះដូងលោតញាប់។

3. ការខ្លាចប៊័រសណ្តែកដីប្រឡាក់លើមាត់ (Arachibutyrophobia)

ជម្ងឺបែបនេះភាគច្រើនកើតលើក្មេងៗ ដោយនៅពេលមានប៊័រសណ្តែកដីនេះជាប់លើមាត់របស់គេភ្លាម រាងកាយរបស់គេនឹងញ័រញាក់ ហើយបែកញើសតែម្តង។

4. ការខ្លាចម្តាយ (Pentheraphobia)

រោគសញ្ញានៃជម្ងឺនេះគឺនៅពេលគេជួបនឹងម្តាយ គេនឹងមានអារម្មណ៍ពិបាកដកដង្ហើម បែកញើស ចង់រកក្អួត ឡើងស្ងួតមាត់ ញ័រខ្លួន មិនអាចនិយាយដូចអ្វីដែលគេគិត និងបាត់បង់ម្ចាស់ការលើខ្លួនឯង។ រោគសញ្ញានេះគឺស្រដៀងគ្នានឹងជម្ងឺខ្លាចម្តាយចុង (Novercaphobia) ដែរ។

5. ការខ្លាចថាមានខ្មោចបិសាច (Demonophobia)

អ្នកមានជម្ងឺភ័យខ្លាចនេះ ខ្លាចថាមានព្រលឹងខ្មោចបិសាចដើរជាមួយមនុស្ស។ នៅពេលគេដើរចូលកន្លែងងងឹតឬផ្ទះឈើចាស់ ឬពេលកំពុងមើលរឿង គេមានអារម្មណ៍ខ្លាចថានឹងមានខ្មោចលោតចេញពីអេក្រង់មករកគេ។ អ្នកខ្លាចបែបនេះ ច្រើនមានអារម្មណ៍ចង់មានអាវុធដើម្បីសម្លាប់ខ្មោចទាំងនោះ។

6. ការខ្លាចកញ្ចក់ (Eisoptrophobia)

Loading...

អ្នកមានជម្ងឺភ័យខ្លាចនេះ មិនហ៊ានមើលកញ្ចក់នោះទេដោយគេនឹងមានអារម្មណ៍ថាខ្លួនគេត្រូវបឺតស្រូបចូលផ្នែកម្ខាងទៀតនៃកញ្ចក់។ ក្រៅពីនេះ គេមានអារម្មណ៍បារម្ភខ្លាចថាកញ្ចក់នឹងបែក ហើយសំណាងអាក្រក់នឹងចូលមក។

7. ការខ្លាចការជជែកគ្នាអំឡុងពេលញុំាអាហារពេលល្ងាច (Deipnophobia)

ការខ្លាចដ៏ចម្លែកនេះកើតមាននៅពេលត្រូវញុំាអាហារពេលល្ងាចជាមួយអ្នកដទៃ ព្រោះតែអារម្មណ៍មិនស្រណុកស្រួល និងការមិនចូលចិត្តការជជែកគ្នា។ ភាពភ័យខ្លាចនេះកើតឡើងពេលត្រូវចូលរួមអាហារពេលល្ងាចផ្លូវការ ដែលមានចាន កែវ សម ស្លាបព្រាច្រើនលើតុ ហើយមិនដឹងពីរបៀបរបបនៃការប្រើ និងញុំាក្នុងពិធីពិសារអាហារផ្លូវការបែបនោះ។

8. ការខ្លាចតុក្កតា (Pediophobia)

អ្នកមានអាការៈរោគនេះ គឺខ្លាចតុក្កតាគ្រប់ប្រភេទទាំងអស់ និងគ្រប់ផ្នែកនៃតុក្កតា ឬសូម្បីតែមនុស្សយន្ត ហើយពួកគេខ្លាចថា តុក្កតាឬមនុស្សយន្តនោះមានជីវិត។

9. ការខ្លាចការចំអិនម្ហូប (Mageirocophobia)

ព្រោះតែមិនមានទំនុកចិត្តលើជំនាញចំអិនម្ហូបរបស់ខ្លួន ធ្វើឲ្យមនុស្សមានភាពភ័យខ្លាចចំពោះការចំអិនម្ហូប។ ពួកគេខ្លាចថា អាហារមិនឆ្ងាញ់ ឬអ្នកដែលញុំាអាហារខ្លួនចំអិននឹងរាគរូសជាដើម។

10. ការខ្លាចផ្លូវ ឬការឆ្លងផ្លូវថ្នល់ (Agyrophobia)

ក្រុមមនុស្សដែលមានជម្ងឺភ័យខ្លាចប្រភេទនេះគឺខ្លាចផ្លូវថ្នល់គ្រប់ប្រភេទ មិនថាជាផ្លូវច្រកតូច ឬផ្លូវធំ។ មូលហេតុគឺប្រហែលមកពីពួកគេរស់នៅក្នុងទីក្រុងដែលមានចរាចរណ៍មមាញឹកខ្លាំង និងមានការកកស្ទះចរាចរណ៍ខ្លាំង។

ប្រភព៖ Health.kapook.com

Loading...